លែងកូនក្តាមសេះ​៥០ម៉ឺនកូន ​ក្នុង​ដែននេសាទសហគមន៍ទំនប់រលក ​ស្រុកស្ទឹងហាវ ដើម្បី​បង្កើនផល​ស្តុកក្ដាមសេះ​

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការជាមួយ មន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ បានរួមគ្នា នាំយកកូនក្តាមសេះ ចំនួន ៥០ម៉ឺនកូន យកទៅលែងនៅតំបន់ដែននេសាទសហគមន៍ទំនប់រលក ស្ថិតក្នុងស្រុកស្ទឹងហាវ ដើម្បី​អភិរក្ស និងបង្កើនផល​ស្តុកក្ដាមសេះ ក្នុងជម្រកធម្មជាតិ។
ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយមានការចូលរួមពីថ្នាក់​ដឹកនាំក្រសួងកសិកម្ម​ មន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ  តំណាងសហគមន៍វារីវប្បកម្ម តំណាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA)។ ​កូនក្តាមសេះ ដែលមន្ត្រីជំនាញលែងនោះ គឺមានអាយុ ២០ថ្ងៃ និងមានចំនួន ៥០ម៉ឺនកូន។
មន្ត្រីមកពីក្រសួងកសិកម្ម បានឲ្យដឹងថា ពិធីលែងកូនក្តាមសេះនេះ រៀបចំឡើងដោយ​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ សហការជាមួយមន្ទីរកសិកម្ម ​និងខណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ។ ហើយពិធីនេះ មានគោលបំណង ​ចូលរួមចំណែក ក្នុងការអភិរក្ស និងបង្កើនផល​ស្តុក ក្ដាមសេះ ក្នុងដែនជម្រកធម្មជាតិ​។
មន្ត្រីជំនាញឲ្យដឹងថា ផ្អែកតាមលក្ខណៈបច្ចេកទេស បន្ទាប់ពីក្តាមសេះញី ដែលមានពងខាងក្រៅ ត្រូវ​យកមកថែរក្សា និងភ្ញាស់ បន្ទាប់មក យកទៅ​បំប៉ន ឲ្យក្លាយជាកូនក្តាមសេះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល៕
អត្ថបទដែលជាប់ទាក់ទង