កម្លាំងចម្រុះ​នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យរាល់យប់ នៅតាម​ផ្លូវសំខាន់ៗក្នុងខេត្តព្រះសីហនុ ដើម្បីរកជាតិស្រវឹង គ្រឿងញៀន និងអាវុធជាតិផ្ទុះ

ខេត្តព្រះសីហនុ ៖​ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក ​នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ ដើម្បីជាការជូនដំណឹងដល់ ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យបានជ្រាបថា ជារៀងរាល់យប់ កម្លាំងចម្រុះ របស់​គណៈបញ្ជាការឯកភាព នៃ​រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្តព្រះសីហនុ នឹងត្រូវចុះប្រតិបត្តិការត្រួតពិនិត្យ សុវត្ថិភាព និងសន្តិសុខទូទៅ នៅតាមដងផ្លូវសំខាន់ៗ​មួយចំនួន ដោយផ្តោត​​លើការត្រួតពិនិត្យរក​ជាតិស្រវឹង ឬសារធាតុញៀ​ន ត្រួតពិនិត្យរកអាវុធជាតិផ្ទុះ និង​បទល្មើសផ្សេងៗ លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ​ ដែលធ្វើដំណើរនៅតាមដងផ្លូវនានា។
​មន្ត្រីនាំពាក្យ​ដដែល បន្ថែម​ថា ក្នុងករណីរកឃើញ អ្នកបើកបរមានជាតិស្រវឹង សមត្ថកិច្ចជំនាញ នៅតាមគោលដៅនីមួយៗ នឹងឃាត់ខ្លួនអ្នកមានកំហុសឆ្គង ផាកពិន័យផង និងឃាត់មិនឲ្យបើកបរបន្តដំណើរទៅមុខទៀតទេ ក្នុងករណីរកឃើញស្រវឹងខ្លាំង ដោយតម្រូវឲ្យរកអ្នកបើកបរផ្សេង ដែលត្រូវជាសាច់ញាតិ ឬក្រុមការងារមកបើកម៉ូតូ ឬរថយន្តនោះជំនួសវិញ។
ដោយឡែក ចំពោះអ្នក ​រកឃើញមានសារធាតុញៀ​ន សមត្ថកិច្ច នឹងឃាត់ខ្លួន ដើម្បីបន្តតាមនីតិវិធី។ ហើយ ក្នុងនោះ ចំពោះ​អ្នកប្រើប្រាស់សារធាតុញៀ​ន នឹងត្រូវ​បញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន។ រីឯ អ្នកជួញដូរសារធាតុញៀ​ន ឬមានលាក់ទុកអាវុធជាតិផ្ទុះ ខុសច្បាប់ ក៏នឹងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសដែរ។
ផ្តើមពីបញ្ហានេះ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ​សូមស្នើដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកបើកបរយានយន្ត គ្រប់ប្រភេទ ត្រូវចូលរួម​សហការ ជាមួយ ​សមត្ថកិច្ច ដែលដាក់ប៉ុស្ត្តិ៍ត្រួតពិនិត្យ នៅគ្រប់គោលដៅនានា ដើម្បីរក្សាសុវត្ថិភាព និង​សន្តិសុខ​សាធារណៈ ឲ្យមានប្រសិទ្ធភាព៕
អត្ថបទដែលជាប់ទាក់ទង