ពលរដ្ឋខេត្តព្រះសីហនុ បន្តព្រួយបារម្ភចំពោះបទល្មើសផ្សេងៗ ខណៈលោក ស រដ្ឋា ស្នងការនគរបាលខេត្តនេះ ប្តេជ្ញាពង្រឹងកម្លាំងចុះល្បាត និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ

ខេត្តព្រះសីហនុ ៖ អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភចំពោះបទល្មើសចោរឆក់ ចោរលួចគាស់ផ្ទះ បទល្មើសចោរកាត់ខ្សែរភ្លើង និងបទល្មើសចរាចរណ៍គ្រឿងញៀន ​បន្តធ្វើសកម្មភាព​ក្នុងមូលដ្ឋាននេះគួរឲ្យព្រួយបារម្ភ ជាពិសេសនៅតាមទីប្រជុំជន ក្នុងក្រុងព្រះសីហនុ ហើយគួរឲ្យមានកម្លាំងសមត្ថកិច្ច ចុះល្បាតឲ្យបានញឹកញាប់ជាងពេលមុន ចាប់ពីដើមឆ្នាំ​២០២៤នេះតទៅ។
ត្រង់ចំណុចនេះ ទាំងប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ក៏ដូចជា ភ្ញៀវទេសចរជាតិ បានបន្តសំណូមពរដល់ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និងលោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជួយចេញបទបញ្ជាក្តៅបន្ថែមទៀត ទៅកម្លាំង​សមត្ថកិច្ច​ស្ថាប័នពាក់ព័ន្ធ នៅតាមក្រុង-ស្រុក-ក្រុង ក៏ដូចជា​តាម ឃុំ-សង្កាត់ ឲ្យបន្តពង្រឹងសកម្មភាពចុះល្បាត នៅតាមទីតាំង ឬផ្លូវមានសភាពស្ងាត់ ជាពិសេសនៅពេលយប់​ ​ដោយត្រូវពង្រាយកម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗ ដែលងាយកើតមានបទល្មើស នៅ​ទាមភូមិសាសន៍នីមួយៗ ឲ្យបានជាប្រចាំ។
​យ៉ាងណា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លះ​ ក្នុងក្រុងព្រះសីហនុ បានអះអាងថា ជាបន្តបន្ទាប់មកនេះ គឺនៅពេលរាត្រីចូលមដល់​ ពិសេសនៅពេល​យប់​ជ្រៅ ឬយប់ពាក់កណ្តាល​អាធ្រាត្រ ហាក់មិនសូវឃើញមានវត្តមាន របស់កម្លាំងកងរាជអាវុធហត្ថ ឬកម្លាំងនគរបាល ចេញល្បាតនៅតាមផ្លូវ ឬទីតាំង ដែលងាយមានចោរកម្មលួចគាស់ផ្ទះ​ ចោរលួចកាត់ខ្សែរភ្លើង បទល្មើសជក់ ឬចរាចរណ៍គ្រឿងញៀន និងបទល្មើសផ្សេងៗ ឲ្យបានច្រើនទេ។ ហើយមានពេលខ្លះ ឃើញមានកម្លាំងសមត្ថកិច្ច នៅតាមស្ថាប័នខ្លះ បានចុះទៅដល់គោលដៅប្រចាំការ របស់ខ្លួន រួចបានថត​បង្ហោះរូបភាព ឬរូបថត​របស់ខ្លួន បង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក រួចក៏វិលត្រឡប់ ទៅកាន់គោលដៅផ្សេងៗ ដែលជាហេតុនាំឲ្យជនល្មើស អាចមានពេល​បង្កបទល្មើសផ្សេងៗ នៅតាមទីតាំងមួយចំនួន។
ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានអះអាងថា ផ្ទះរបស់គាត់ ត្រូវជនល្មើសលួចធ្វើសកម្មភាព ចូលគាស់ផ្ទះយកសម្ភារៈនៅពេលយប់ជាបន្តបន្ទាប់ ខណៈរូបគាត់ចេញទៅធ្វើការងារ ឬចេញទៅ​តាមបណ្តាខេត្តផ្សេងៗ ហើយមិនមាន​មនុស្សនៅផ្ទះ ក៏ត្រូវចោរចូលគាស់ផ្ទះលួចយកសម្ភារៈអស់​គ្មានសល់ នៅចុងឆ្នាំ​២០២៣។ ហើយសកម្មភាព របស់ក្រុមចោរលួចគាស់ផ្ទះចូលយកសម្ភារៈនេះ បានបន្ត​ធ្វើសកម្មភាពជាបន្តបន្ទាប់នៅតាមផ្ទះពលរដ្ឋ ក្នុងមូលដ្ឋាននេះ បន្តរហូតមកដល់យប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ។
ពលរដ្ឋ អះអាងថា ចំពោះសកម្មភាព បទល្មើសចោរលួចគាស់ផ្ទះយកសម្ភាៈ ចោរកាត់ខ្សែរភ្លើង​នៅពេលយប់ និងក្រុមក្មេងទំនើងជក់គ្រឿងញៀន ក៏បានបន្តកើតមានស្ទើរជារៀងរាល់យប់ ប៉ុន្តែសមត្ថកិច្ច នៅតាមសង្កាត់ ក៏ដូចជាកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងស្នងការនគរបាលខេត្តព្រះសីហនុ ហាក់មិនសូវពង្រាយកម្លាំងចុះល្បាត ឬឃាត់ខ្លួនជនសង្ស័យ ដែលប្រើប្រាស់មធ្យោបាយម៉ូតូ​រឺម៉ក ឬរថយន្តទ្រង់ ដឹកសម្ភារៈសំពីងសំពោង​នៅពេលយប់ គួរឲ្យសង្ស័យ ដើម្បីត្រួតពិនិត្យ ឬសួរនាំ ឲ្យបានជាប្រចាំ​ទេ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ មួយចំនួន រស់នៅតាមសង្កាត់ទាំង​៤ ក្នុងក្រុងព្រះសីហនុ ជាពិសេសសង្កាត់លេខ១ សំណូមពរដល់ ថ្នាក់ដឹកនាំ​សមត្ថកិច្ចគ្រប់ស្ថាប័ន ជាពិសេស លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា​ អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជួយពិនិត្យទៅលើសកម្មភាព របស់កម្លាំង​សមត្ថកិច្ច នៅតាមឃុំ-សង្កាត់ និងក្រុង-ស្រុកនីមួយៗ ឲ្យពង្រឹងសកម្មភាពការងារចុះល្បាត របស់ខ្លួន ឲ្យបានជាប្រចាំ ​ដើម្បីទប់ស្កាត់បទល្មើស ចោរឆក់ ចោរលួចគាស់ផ្ទះ ចោរលួចកាត់ខ្សែរភ្លើង ​បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងទៀត ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ផ្តល់សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ​។
ទាក់ទិនបញ្ហានេះ សមត្ថកិច្ច​ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពឆក់​ ​បានចំនួន ១២នាក់ (ស្រី០១នាក់) កសាងសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោស បន្ទាប់ពីជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ នៅក្បែររង្វង់មូល នៃទីប្រជុំជនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
​សកម្មភាពឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោម​បញ្ជា​ពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រុកកំពង់សិលា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់​ឃាត់ខ្លួនជនសង្ស័​យ​សរុបចំនួន ១២នាក់ (ស្រី០១នាក់)​ និងវត្ថុតាង​មាន​ម៉ូតូ ០៤គ្រឿង ក្បាំងម៉ូតូ ០២គូរ និង​ទូរស័ព្ទ ០៥គ្រឿង​។
ក្នុងនោះ​ចំពោះវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក Honda Dream ពណ៌ស (គ្មានស្លាកលេខ) ដែលដកហូតបាន សមត្ថកិច្ចជំនាញការិយាល័យ​នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការប្រគល់ជូនជនរ​ងគ្រោះ តាមការស្នើសុំ និងដោយមានការឯកភាពពី តំណាងអយ្យការ អមសាលាដំបូងខេត្ដព្រះសីហនុ​។
ដោយឡែក ចំពោះជនសង្ស័​យទាំង ១២នាក់ (ស្រី​០១នាក់) ត្រូវ​​កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បាន​បំពេញនីតិវិធី បញ្ជូនសំណុំរឿង​ ទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្តនីតិវិឌីតាមច្បាប់។
បន្ថែមលើនេះ ចំពោះមុខសញ្ញាចោរឆក់ផ្សេងទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ច​ បន្តសហការជាមួយ​កម្លាំងស្ថាប័នជំនាញ​ពាក់ព័ន្ធ ​ចុះស្រាវជ្រាវ​តាមនីតិវិធី ជាបន្តទៀត។
ទាក់ទិនបញ្ហានេះ លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសន៍ឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២៤ថា «ថ្មីៗនេះ ខ្ញុំ បានបញ្ជាឲ្យមន្ត្រីនគរបាល ជាពិសេសក្រុមល្បាត ​ចុះល្បាតឲ្យបានច្រើន និងញឹកញាប់​ជាងពេលមុន។ ហើយក៏បានត្រៀមមធ្យោបាយម៉ូតូសម្រាប់ កម្លាំងសមត្ថកិច្ចចុះល្បាត​ចំនួន ៣០គ្រឿង ប៉ុន្តែម៉ូតូ​នេះ ខ្ញុំ មិនទាន់បានធ្វើពិធីចែកនៅឡើយទេ។ តែយ៉ាងណា ខ្ញុំ បានជម្រុញដល់កម្លាំងល្បាត ធ្វើយ៉ាងណាដឹកនាំកម្លាំងចុះល្បាតឲ្យបានច្រើន ជាពិសេស ពាក់ព័ន្ធជាមួយក្មេងទំនើង យើងក៏បានដឹងគោលដៅអស់ហើយៗ យើងក៏ជម្រាបជូនទៅមន្ត្រី របស់យើងឲ្យយកចិត្តទុកដាក់ ចំពោះទីតាំង ឬទីកន្លែងណា ដែលឧស្សាហ៍កើតមានរឿងរ៉ាវ ឬក៏បទល្មើសផ្សេងៗកើតឡើង»។
ចំពោះការឆ្លើយតប របស់លោក ស រដ្ឋា អគ្គស្នងការ និងជាស្នងការនគរបាលខេត្តព្រះសីហនុនេះ គឺទទួលបានការសាទរពីប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលរស់នៅខេត្តព្រះសីហនុ ដោយពួកគាត់រំពឹងថា ក្រោយមានបទបញ្ជាក្តៅពី លោកស្នងការទើបមកទទួលតំណែងថ្មីនេះ រំពឹងថា បទល្មើសចោរឆក់ ចោរលួចគាស់ផ្ទះពេលយប់ ចោរកាត់ខ្សែរភ្លើង ក្មេងទំនើង និងបទល្មើសគ្រឿងញៀនជាដើម នឹងមានសញ្ញា​ថយ​ចុះ នាថ្ងៃអនាគត​៕
អត្ថបទដែលជាប់ទាក់ទង