ពលរដ្ឋខេត្តសៀមរាប បន្តរក្សាប្រពៃណីឡើងមាឃ ឬឡើងអ្នកតា ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ

ខេត្តសៀមរាប ៖ អ្នកស្រុកអង្គរ នៅតាមស្រុក និងភូមិជាច្រើនតែងនាំគ្នាប្រារព្ធធ្វើពិធីឡើង មាឃ ដែលជាពិធីឡើងអ្នកតា មិនដែលខកខាន នៅខេត្តសៀមរាប ដោយពួកគាត់ នៅតែបន្តរក្សាប្រពៃណី ឡើងមាឃ ឬឡើងអ្នកតា ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ។

អ្នកស្រុកអង្គរច្រើននាក់ បាន​លើកឡើង ប្រហាក់ប្រហែលគ្នាថា ទោះបច្ចុប្បន្ន សង្គមកម្ពុជា មានការជឿនលឿន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្តី ក៏អ្នកស្រុកអង្គរ នៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណ បានយ៉ាងខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើពិធីឡើងមាឃ សម្រាប់ឡើងអ្នកតា នៅតាមខ្ទមអ្នកតា ឬសាលាឆាន់ ក្នុងភូមិ របស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមអ្នកស្រុកអង្គរធ្វើពិធីឡើងមាឃនេះ បន្ទាប់ពីការប្រមូលផលស្រូវ បានរួចរាល់ទាំងស្រុង ពោលគឺ ជាការបិទបញ្ចប់រដូវវស្សាឆ្នាំនេះ។

ជាទូទៅស្រុក-ភូមិជាច្រើន នៅតំបន់អង្គរដូចជា ៖ ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិល នៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង របស់សង្កាត់គោកចក ភូមិក្រវ៉ាន់ របស់សង្កាត់នគរធំ ភូមិក្រសាំងរលើង របស់សង្កាត់សៀមរាប ភូមិភ្នំក្រោម របស់សង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ របស់ឃុំព្រះដាក់ ភូមិសាលាក្រវ៉ាន់ របស់ឃុំរំចេក ភូមិស្រែចង្ហូត របស់ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ របស់ឃុំលាងដៃ នៃស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃ នៅខ្ទមអ្នកតា តែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯ ភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់ មួយថ្ងៃក៏មាន។

ក្នុងពេលអ្នកភូមិប្រារព្ធពិធីឡើងមាឃនោះ គឺគេនាំគ្នាធ្វើនំបញ្ចុកនៅតាមផ្ទះរៀងៗខ្លួន រួចហើយ យកទៅប្រជុំគ្នា នៅមុខខ្ទមអ្នកតា ឬនៅភូមិខ្លះ គេមានធ្វើពិធីបញ្ចូលរូប ដោយមានពិធីសែនព្រេន និងប្រគុំភ្លេងមេមត់ យ៉ាងអធិកអធម្មផង។

អ្នកភូមិមានជំនឿថា អ្នកតាគឺជាវត្ថុស័ក្ដិសិទ្ធិ ដែលតែងតាមជួយថែរក្សាភូមិស្រុក និងជួយឱ្យកូនចៅ របស់គេ បានសេចក្តីសុខសប្បាយ ធ្វើស្រែចំការ ទទួលបានភោគផលច្រើន ព្រមទាំងសត្វដែលពួកគេចិញ្ចឹមទាំងឡាយ អាចជៀសផុតពីជម្ងឺផ្សេងៗ។

ដោយសារតែជំនឿដូចនេះ ទើបអ្នកស្រុក ត្រូវរៀបចំធ្វើពិធីនេះទៅតាមលទ្ធភាព មិនដែលហ៊ានអាក់ខានឆ្នាំណាទេ។

នៅឆ្នាំ២០២៤ នេះអ្នកភូមិបង្កោងបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងរៀបចំពិធីឡើងមាឃ ចំថ្ងៃអាទិត្យ ២កើត ខែមាឃ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ដោយធ្វើពិធីចាប់ត្រី នៅក្នុងត្រពាំងបឹង នៅវេលាម៉ោង ៦ព្រឹក សម្រាប់យកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងម្ហូបអាហារ សម្រាប់ចែកគ្នាទទួលទាន នៅតាមផ្ទះ និងគ្រួសារផង៕

អត្ថបទដែលជាប់ទាក់ទង