សមត្ថកិច្ច ជួយសង្គ្រោះបុរសអ្នកវិនិយោគចិន ២នាក់ ដែលបាត់ខ្លួនច្រើនថ្ងៃ ក្នុងលម្ហសមុទ្រខេត្តព្រះសីហនុ ឃើញហើយ

ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសអ្នកវិនិយោគជនជាតិចិន ចំនួន ០២នាក់ ដែលជិះអូប័រ ០១គ្រឿង ចេញទៅកម្សាន្ត និងស្ទូចត្រី នៅលើលម្ហសមុទ្រហើយបាត់ខ្លួន ជាច្រើនថ្ងៃនោះ បច្ចុប្បន្ន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានជួយសង្គ្រោះ និងបាននាំយកជនរងគ្រោះ មកកាន់ដីគោក ក្នុងក្រុងព្រះសីហនុ ដោយសុវត្ថិភាពរួចហើយ។

តាមរយៈជំនួប ជាមួយថ្នាក់ដឹកនាំ នៃទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បុរសជនជាតិចិន និងគ្រួសារ របស់ពួកគេ បានថ្លែងអំណរគុណដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលបានជួយសង្គ្រោះពួកគាត់ទាំង ០២នាក់ ពីក្នុងលម្ហសមុទ្រ នៅម្តុំជិតកោះពូលូវ៉ៃ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិនទាំង ០២នាក់ មានឈ្មោះ៖
១- ឈ្មោះ Wang JinQian ភេទប្រុស កើតថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ១៩៦៣ សញ្ជាតិចិន (ជាឪពុកក្មេក)។

២- ឈ្មោះ Cao Zhinbin ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៩ សញ្ជាតិចិន (ជាកូនប្រសារ)។ អ្នកទាំង ០២ បានជិះអូប័រ ០១គ្រឿង ចេញពីក្រុងព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដើម្បីកម្សាន្ត និងស្ទូចចត្រី រួចក៏បាត់ដំណឹង មិនអាចទាក់ទងបាន។

យ៉ាងណា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានចាត់ចែងឲ្យកម្លាំងជំនាញ  សហការជាមួយ កងកម្លាំងកងទ័ព ប្រចាំការនៅតាមបណ្តាកោះ និងសមត្ថកិច្ចចម្រុះ នៅតំបន់សមុទ្រ ឲ្យចេញអន្តរាគមន៍ស្វែងរក ជនរងគ្រោះ រហូតដល់ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបកម្លាំងកងទ័ពការពារកោះពូលូវ៉ៃ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានស្វែងរកឃើញជនជាតិចិនទាំង 0២នាក់នៅលើអូប័រ ដែលអស់ប្រេងសាំង ហើយអត់បាយ អត់ទឹក អស់រយៈពេល ០៣ថ្ងៃ អណ្ដែតលើផ្ទៃសមុទ្រ ត្រង់ចំណុចម្តុំកោះយាយ ជិតកោះពូលូវ៉ៃ។ ហើយ ក៏នាំយកជនរងគ្រោះទាំង ០២នាក់ ទៅលើកោះ ដើម្បីសង្គ្រោះ និងផ្តល់អាហារ ហើយក្រោយមកជនរងគ្រោះទាំង ០២នាក់ ត្រូវបាន កម្លាំងនគរបាលការពារព្រំដែនទឹក នាំយកអូប័រ ទៅដឹកនាំយកមកកាន់ដីគោក នាក្រុងព្រះសីហនុវិញ នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៤ និងបានប្រគល់ជូនទៅ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ អនុវត្តតាមនីតិវិធី។

ជនរងគ្រោះទាំង ០២នាក់ ប្រាប់សមត្ថកិច្ចថា ពេលពួកគាត់ ចេញអូប័រទៅកម្សាន្តនិងស្ទូចត្រី នៅលើលម្ហសៗទ្រ គឺពួកគេ ខបានវង្វេងទិសដៅ ក្រោយមកអូបរ័ ក៏អស់ប្រេង នៅកណ្តាលសមុទ្រ រួចរសាត់អណ្តែតលើផ្ទៃសមុទ្រ អត់បាយ អត់ទឹករយៈពេល០៣ថ្ងៃ មុនពេល ត្រូវកម្លាំងកងទ័ព មកជួយសង្គ្រោះ៕ ប្រភព ៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង