សមត្ថកិច្ច ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធការអូសទាញ ប្រមូលទិញគណនីធនាគារ អេ.ប៊ី.អេ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឲ្យបក្ខពួក

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន បណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធជនមិនស្គាល់អត្តសញ្ញាណ បានលួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម (Telegram) ធ្វើការឆបោកប្រាក់ ដោយប្រើមធ្យោបាយ តាមរយៈការផ្ទេរប្រាក់ ចូលគណនី ABA រួចមក។ ទើបនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​​ ដោយមានការឯកភាពពី​ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឲ្យបក្សពួក។

បច្ចុប្បន្ន​ ជន​សង្ស័យ​ខាង​លើ​ ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់ការតាមនីតិវិធី​ច្បាប់។

ទន្ទឹមគ្នានេះ នាយកដ្ឋាន​ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើន​រំលឹក​​ដល់សាធារណជន​ ក៏ដូចជា ប្រជាពលរដ្ឋ ជាថ្មីទៀតថា​ ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារ ទៅឲ្យបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញ ក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះ ធ្វើជាមធ្យោបាយ ដើម្បីទទួលផល នៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោស ដូចជនល្មើសផ្ទាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង