ខឿនឧបោសថាគារ ប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុលពី វិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន

ខេត្តសៀមរាប ៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿន នៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាល របស់ប្រាសាទនេះបាន​ចប់​រួចរាល់​។

ខឿន នៃឧបោសថាគារ ដែលដើមឡើយមានរោងធ្វើពីឈើប្រក់ក្បឿង (បច្ចុប្បន្នពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ)។ ខឿនដែល មានទទឹង ៧,៥០ម៉ែត្រ និងបណ្តាយ ១៧,៥០ម៉ែត្រនេះ គឺជាទីតាំង នៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះ បានប្រែក្លាយជាប្រាសាទ សម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។

​តាមការបញ្ជាក់របស់ លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះ គឺយើងនឹងធ្វើការរើតួខឿនទាំង​មូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះ និងរចនាសម្ព័ន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿន នៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល ៣ខែខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង