រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវជនបទ នៅស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រងការខូចខាត ១ខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ចំណុចភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ឆ្ពោះទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រវែង ១៤,៨៤០ម៉ែត្រ និងទទឹង ៥ម៉ែត្រ។

សកម្មភាព របស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ទាប់មក នៅថ្ងៃដដែលនេះ លោករដ្ឋមន្ត្រី ក៏បានបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត មានប្រវែង ១១,២០០ម៉ែត្រ តភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ឆ្ពោះទៅភូមិទេព្យនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនារួចប្រមាណ ១០% ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។

លោក អា ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ផ្លូវខូចខាតខាងលើ គឺចាំបាច់ត្រូវជួសជុលឡើងវិញ។ លោកបន្តថា សកម្មភាពចុះត្រួតពិនិត្យ របស់ថ្នាកដឹកនាំ ក្រសួងអភិវឌ្ឍជនបទនេះ ប្រយោជន៍ដើម្បីវាយតម្លៃពីទំហ៊ំ នៃការខូចខាត និងទឹកប្រាក់ត្រូវចំណាយក្នុងការជួសជុល ធ្វើសម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋ។

ដោយឡែកផ្លូវមួយខ្សែទៀត ដែលកំពុងឈូសឆាយស្ថាបនា គឺក្រុមការងារបច្ចែកទេស និងពន្លឿនការស្ថាបនាឲ្យរួចរាល់ក្នុងដំណាចឆ្នាំ២០២៤នេះ។

បន្ទាប់មក នៅថ្ងៃដដែលនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី និងក្រុមការងារ ក៏បានបន្តចុះពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែង ស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ រស់នៅមូលដ្ឋាននោះថែមទៀត។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន ក៏បានផ្តល់ជូនឧបករណ៍បំពងសម្លេងចំនួន ៥ឈុត ជូនដល់សហគមន៍ ក្នុងមូលដ្ឋានភូមិល្វាតូច ឃុំគរ  ដើម្បីទុកប្រើប្រាស់ ជាប្រយោជន៍សហគមន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង