ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារ ខាងត្បូងប្រាសាទតាព្រហ្ម រកឃើញថ្មជាបន្តបន្ទាប់ និងកំណត់អត្តសញ្ញាណគ្រឹះក្រោម

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន ASI របស់ឥណ្ឌា កំពុងធ្វើកំណាយជួសជុលឡើងវិញខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដើម្បីលើកតម្លៃសំណង់បុរាណ ឱ្យមានរូបរាងឡើងវិញ។

លោកស្រី នេត ស៊ីមន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មុនពេលចាប់ផ្តើមការងារជួសជុល ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ( ASI ) ក៏បានសិក្សា ប្រមូលព័ត៌មាន មុនឈានទៅដល់ការរុះរើជួសជុលខ្លោងទ្វារ ខាងត្បូងនៃប្រាសាទតាព្រហ្ម។

លោកស្រីថា នេះគឺជាដំណាក់កាល នៃការជួសជុលហើយ ដូច្នេះក្រុមការងារបានរើថ្ម នៅផ្ទៃខាងលើទាំងអស់ ដើម្បីចុះបញ្ជីថ្ម ត្រៀមជួសជុលពង្រឹងឡើងវិញ។

លោកស្រីថា ការងារកំណាយស្រាវជ្រាវ មានគោលបំណងសំខាន់ៗ ដូចជា៖

១. ស្វែងរកថ្មដែលបានបាត់បង់

២. សិក្សាអំពីស្ថានភាពគ្រឹះខ្លោងទ្វារ ស្វែងរកមូលហេតុ ដែលធ្វើឱ្យខ្លោងទ្វារបាក់រលុះទ្រុឌទ្រោម

៣. ដើម្បីសិក្សាអំពីបច្ចេកទេស នៃការសាងសង់ របស់ចាស់បុរាណ ពីរចនាសម្ពន្ធគ្រឹះខាងក្រោម របស់ខ្លោងទ្វារ។

លោកស្រី នេត ស៊ីមន បុរាណវិទូ បន្តថា ការងារធ្វើកំណាយស្រាវជ្រាវ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មក។ ហើយ រយៈពេលជិតពីរខែកន្លងមកនេះ ក្រុមការងារជីករណ្តៅបានចំនួន៥ នៅជុំវិញខឿន របស់ខ្លោងទ្វារ។ ដោយបានជីករណ្តៅខ្លះ មានជម្រៅចន្លោះពី ៦០ ទៅ ៧០សង់ទីម៉ែត្រ ដើម្បីស្វែងរកថ្ម។

លទ្ធផលនៃកំណាយ បានរកឃើញថ្មជិត ១០០ដុំហើយ។ ប៉ុន្តែអ្នកជំនាញ នៅមិនទាន់សន្និដ្ឋាន អំពីចំនួនថ្មពិតប្រាកដ បាននៅឡើយ ដោយត្រូវរង់ចាំការធ្វើកំណាយ ឱ្យរួចរាល់សិន ដោយគ្រោងចំណាយពេល៣ខែទើបចប់។ មួយវិញទៀត បានកំណត់អត្តសញ្ញាណស្ថានភាពគ្រឹះខាងក្រោម របស់ខ្លោងទ្វារ ដែលមានសភាពស្រុតខ្លាំង ដោយសារដីធូរ មិនហាប់រឹងមាំ ដូចនៅខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តីឡើយ។ បញ្ហាមួយទៀត គឺឬសឈើចាក់ចូលទៅកាន់តែជ្រៅ ទៅក្នុងគ្រឹះខាងក្រោម នៃខ្លោងទ្វារ។

អ្នកជំនាញមានក្តីសង្ឈឹមថា នឹងអាចរកឃើញថ្មថ្មីបន្ថែមទៀតនៅពេលធ្វើកំណាយរួចរាល់ ដើម្បីយកថ្មទាំងនោះ មកប្រើប្រាស់គ្រប់ចំនួន ក្នុងការងារជួសជុលពង្រឹងខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មនេះ៕

អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ

រូបភាព៖លោកស្រី នេត ស៊ីមន និងលោក ហាប់ គឹមអាន

អត្ថបទដែលជាប់ទាក់ទង