អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើ ៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលសុវត្ថិភាពឡើង-ចុះ របស់ភ្ញៀវទេសចរ

ខេត្តសៀមរាប ៖ ក្រុមការងារត្រួតពិនិត្យ សេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន០៣ទីតាំង នៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះ របស់ភ្ញៀវទេសចរ ឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំង០៣ ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះ រួតបាកាណ (កំពូលកណ្ដាល) របស់ប្រាសាទអង្គរវត្ត។

ប្រធានក្រុមការងារពលករ នៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះ របស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ គឺជួយបង្ការ កុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើនដល់ ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀង បង្ការកុំឱ្យរអិលទៀតផង។

លោក ផានេត បន្ថែមទៀតថា ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើ ដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាព នៃប្រាសាទនោះទេ។

ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរណ៍ជាច្រើន បានសម្តែងការសប្បាយចិត្ត នៅពេលឃើញអាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។

មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែលរូបលោក បាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះ រួចរាល់ហើយ។ មគ្គទេសក៍រូបនេះ និយាយថា កាលពីមុនជណ្ដើរទាំងនោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យភ្ញៀវទេសចរមួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិតមានភាពងាយស្រួលជាងកាលពីមុនឆ្ងាយណាស់។

លោក យ៉ែម រ៉ូហ្សា គិតថា នេះជាគំនិតល្អ ដែលអាជ្ញាធរជាតិអប្សរាបានគិតគូរដល់សុវត្ថិភាព របស់ភ្ញៀវទេសចរជាចម្បង ពីព្រោះតែប្រាសាទខ្ពស់ៗ ជណ្តើរក៏ច្រើនហើយកន្លែងខ្លះ ក៏ងងឹតថែមទៀតផង៕

អត្ថបទ៖ លោក យី សុថា

រូបភាព៖​លោក ភោគ​ ជា

អត្ថបទដែលជាប់ទាក់ទង