រដ្ឋបាលខេត្តត្បូងឃ្មុំ មិនបានកែប្រែតំបន់ប្រវត្តិសាស្ត្រពោធិ៍ ទុំ ទាវ ឳ្យមានភាពទាក់ទាញ តាមការសន្យាទេ

ខេត្តត្បូងឃ្មុំ ៖ តំបន់ប្រវត្តិសាស្រ្ត ពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានទុកចោល ដោយអាជ្ញាធរពាក់ព័ន្ធខេត្តនេះ មិនបានកែប្រែ ឳ្យក្លាយជាតំបន់ទេសចរណ៍ ជាតិ និងអន្តរជាតិ ចូលមកទស្សនា កម្សាន្ត ដូចអ្វីដែលបានសន្យាកាល អំឡុងខែមិថុនា ឆ្នាំ២០២២ ឡើយ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ដើមពោធិ៍មួយដើម (ដើមពោធិ៍អ្នកតាក្រហមក) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រ ទុំ ទាវ ត្រូវបានដួលរលំដោយខ្យល់កន្រ្តាក់។ ប៉ុនែ្ត ក្រោយការដួលរលំភ្លាមៗ ធ្វើឳ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះមកពិនិត្យ និងបានស្ទូចដើមពោធិ៍នោះដាំឡើងវិញ។

បន្ថែមលើនេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសន្យាថា នឹងបន្តអភិរក្សតំបន់់នេះ ឳ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញ អាជ្ញាខេត្តត្បូងឃ្មុំ ពិសេស លោក ជាម ច័ន្ទសោភ័ណ ចាត់ក្រុមការងារមករៀបចំនៅឡើយទេ ដោយទុកតំបន់នោះចោល សូម្បីតែផ្លូវចូលពីផ្លូវជាតិលេខ៧ ទៅតំបន់ដើមពោធិ៍ ដែលមានចំណាយប្រម៉ាណជាង ១០០ ម៉ែត្រ ក៏មិនបានជួសជុល សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងអ្នកទេសចរឡើយ។

ឆ្លើយតបបញ្ហានេះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឳ្យដឹងថា មូលហេតុដែលយ៉ឺតយ៉ាវ ដោយសារពេលវាសវែងធ្វើរបង ប៉ះពាល់ដល់ដី របស់ប្រជាពលរដ្ឋ នៅជាប់នោះ ហើយត្រូវសម្របសម្រួលដោះស្រាយសិន។ ហើយការងារនេះ គឺខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវ។

យ៉ាងណា មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក គួ ហុក ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ បាននៅឡើយទេ ដោយលោកទទួលទូរស័ព្ទហើយនិយាយថា កំពុងជាប់រវល់ ៕

អត្ថបទដែលជាប់ទាក់ទង