នាវាទេសចរណ៍បន្តកន្ទុយគ្នា សម្រុកចូលមកទស្សនាខេត្តព្រះសីហនុ ដោយដឹកភ្ញៀវចម្រុះជាតិសាសន៍​រាប់ពាន់នាក់​

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ជាច្រើនគ្រឿង សម្រុកដឹកភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ ដោយក្នុងមួយសប្តាហ៍កន្លងទៅនេះ យ៉ាងហោចមាននាវាទេសចរណ៍ខ្នាតយក្សចំនួន ០៣គ្រឿង បានចូលចត្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ជាក់ស្តែងកាលពីថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ មាននាវាទេសចរណ៍ចំនួន ០២គ្រឿងទៀត បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ដោយនាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍​ជាង ៣ពាន​នាក់ ចូលមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេលមួយថ្ងៃ​។
នាវាទេសចរណ៍ទី០១ ដឹកភ្ញៀវទេសចរ​ចំនួន ១១៨៣នាក់/ស្រី ៥៩៦​នាក់, មាន ៣៤សញ្ជាតិ និងមាននាវិកលើនាវាចំនួន ៧៦៤​នាក់/ស្រី ១៤៤នាក់។
នាវាទេសចរណ៍ទី០២ ដឹកភ្ញៀវទេសចរ​ចំនួន ១៩៧៦​នាក់/ស្រី ១០២៩​នាក់, មាន ២០សញ្ជាតិនិងនាវិកលើនាវាចំនួន ៦២៥​នាក់/ស្រី ១៣១​នាក់ និងមាន ២៨សញ្ជាតិ។
នាវាទេសចរណ៍ទាំង ០២គ្រឿងនេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា វិញនៅព្រលប់ថ្ងៃដដែលនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ក៏​មាននាវាទេសចរណ៍ ០១គ្រឿងទៀតដែរ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយដឹកភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ចំនួន ៥៦០នាក់ ស្រីចំនួន ២៨៥​នាក់ ចូលមកទស្សនាប្រទេសកម្ពុជា មួយថ្ងៃដូចគ្នាដែរ សរុបរយៈពេល ០២ថ្ងៃ ចុងសប្តាហ៍នេះ មាននាវាទេសចរណ៍ចំនួន ០៣គ្រឿង បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ៕
អត្ថបទដែលជាប់ទាក់ទង