មូលនិធិប្រាសាទពិភពលោក កំពុងបន្តគម្រោងជួសជុលជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែង 

ខេត្តសៀមរាប ៖ មូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែង បន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុល រចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។

ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោង របស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន ៥០%ហើយ ដែលគ្រោងនឹងបញ្ចប់ នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។

អ្នកស្រី ផល្លី ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាត ដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះបណ្ដាលឱ្យរចនាសម្ពន្ធប្រាសាទ ខូចខាត ទ្រេត និងរលំ។

អ្នកស្រីបន្តថា  ជណ្តើរខាងត្បូង និងជញ្ជាំងរួតផ្នែកខាងលិច នៅផ្នែកពាក់កណ្តាលពីរ៉ាមីត នៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។

ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ។ ចំណែកឯ ជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំ ឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

ប្រាសាទភ្នំបាខែង កសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។

ប្រាសាទនេះ ស្ថិតនៅចំកណ្តាលទីក្រុងយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជ ក្នុងរាជកាលព្រះបាទ យសោវរ្ម័នទី១ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក ភោគ ជា/យី សុថា

អត្ថបទដែលជាប់ទាក់ទង