អាជ្ញាធរជាតិអប្សរា កំពុងបង់លេខថ្ម ដែលរាយប៉ាយ នៅកំពែងខាងក្រៅ របស់ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ក្រុមការងារ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្មចំនួន ១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយ ជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិច របស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉ម ណាមួយឱ្យប្រាកដ។

បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជា រចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិច របស់ប្រាសាទអង្គរវត្ត។ មួយចំនួន អាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ។ បំណែកមួយចំនួនទៀត អាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា៖ តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំង ធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។

បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។

បើទោះបីជាយ៉ាងណា ការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំង និងប្រភពដើម៕

អត្ថបទដែលជាប់ទាក់ទង