អភិបាលខេត្តត្បូងឃ្មុំ៖ ត្រូវបញ្ឈប់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រនេះ

ខេត្តត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំមួយជាមួយអាជ្ញាធរ ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះ ដើម្បីចាត់វិធានការបញ្ឈប់គ្រប់រូបភាព ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឲ្យបានជាដាច់ខាត។

កិច្ចប្រជុំនេះដែរ លោក​អភិបាល ក៏បានណែនាំដល់ អភិបាលក្រុង-ស្រុកទាំង ៧ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាបញ្ឈប់រាល់សកម្មភាព ល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន ៖ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាច្រើនគ្រប់ប្រភេទទៀត ត្រូវចុះបង្ក្រាប និងបិទឲ្យអស់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ  បញ្ជាក់ថា ការងារបង្ក្រាបកន្លែងបើកល្បែងស៊ីសងនេះ ប្រយោជន៍ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជម្រុញការអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយក៏ដើម្បីធានាបដល់សុខសន្តិភាព ការអភិវឌ្ឍន៍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលសង្កត់ធ្ងន់ថា  ស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក ទាំង ៧ ត្រូវចូលរួមអនុវត្តទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មី ដើម្បីធ្វើអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង