ផ្លូវ១ខ្សែនៅខេត្តត្បូងឃ្មុំ រងការខូចខាតខ្លាំង និងអាចបង្ករគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរគ្រប់ពេល 

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ បានត្អូញត្អែរថា កំណាត់ផ្លូវ១ខ្សែស្ថិតនៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ដែលប្រកាសដាក់ឳ្យប្រើប្រាស់ មិនទាន់បាន១ឆ្នាំផង បានរងការខូចខាតខ្លាំង និងងាយបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់។

ពលរដ្ឋ បន្តថា ទោះផ្លូវខាងលើរងការខូចខាតខ្លាំង បែបនេះក្តី ក៏ប៉ុន្តែនៅមិនទាន់ឃើញក្រុមហ៊ុន ឬអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ចុះមកជួសជុលទេ។

ប្រជាពលរដ្ឋ ច្រើននាក់ រស់នៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង បានឲ្យដឹងថា ផ្លូវនេះស្ថាបនា និងដាក់ឲ្យប្រើប្រាស់ប្រមាណជាង ១ឆ្នាំប៉ុណ្ណោះ។ ហើយពេលនេះ សភាពផ្លូវ បានស្រុត និងមានជម្រៅជ្រៅៗ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយជួសជុលផ្លូវនេះ ឡើងវិញឲ្យបានឆាប់ ព្រោះអាចបង្ករថ្នាក់ដល់អ្នកធ្វើដំណើរគ្រប់ពេល។

យ៉ាងនេះក្តី លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឳ្យដឹងថា ករណីផ្លូវរងការខូចខាតនេះ រូបលោក ក៏បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយ ដើម្បីសុំគោលការជួសជុលឡើងវិញ។

ទាក់ទិនបញ្ហានេះ លោក ឡាង សុផល ប្រធានអង្គភាពលទ្ធកម្មខេត្តត្បូងឃ្មុំ បានឳ្យដឹងដែរថា ផ្លូវដែលរងការខូចខាតខាងលើ ខាងក្រុមហ៊ុន នឹងចុះទៅជួសជុល យ៉ាងយូ២សប្តាហ៍ទៀត។

យ៉ាងណា លោក ជា ណារ៉ុន និងលោក ឡាង សុផល បានបដិសេធន៍មិនប្រាប់ឈ្មោះ ក្រុមហ៊ុនស្ថាបនាផ្លូវខាងលើទេ។

ផ្លូវដែលរងការខូចខាតខាងលើនេះ គឺតភ្ជាប់ និងឆ្លងកាត់ភូមិចំនួន ៥ ក្នុងសង្កាត់វិហារលួង ក្រុងសួង រួមមាន៖ ភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ និងភូមិគៀនរូង ៕

អត្ថបទដែលជាប់ទាក់ទង