សាធារណជន ស្នើឱ្យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យសកម្មភាពដឹកនាំ របស់អភិបាលខេត្តកំពង់ចាម ករណីបណ្តោយឱ្យឈ្មួញ ដឹកថ្មចាក់ចូលផ្ទៃទន្លេ​

ខេត្តកំពង់ចាម  សាធារណជន បង្ហាញការហួសចិត្ត និងមានចម្ងល់ថា ហេតុអ្វីបានជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បណ្តោយឲ្យកើតមានបទល្មើសចាក់ថ្មីរំលោភយកផ្ទៃទន្លេ នៅក្នុងស្រុកស្រីសន្ធរ កើតឡើងទៅកើត ឬមួយក៏មានអ្វីជាប់ពាក់ព័ន្ធនៅពីក្រោយ ទើបបានជា ទុកបណ្តោយឲ្យបុគ្គលមានងារជា ឧកញ៉ាមានទ្រព្យ ម្នាក់នេះ ធ្វើទង្វើល្មើសច្បាប់ទាំងគឃ្លើន​បែបនេះ​​?។
ចំណុចនេះ សាធារណជន បានចំអកថា​ ករណីនេះ បើកុំតែបាន​អ្នកលេងបណ្តាញ​សង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន បានចុះផ្សាយ អំពីបទល្មើសចាក់ថ្មចូលទន្លេង នៅស្រុកស្រីសន្ធរកើតឡើង និងត្រូវបានគេចែករំលែក ផ្ទុះពេញបណ្តាញសង្គមទេ ម៉្លេះសកម្មភាពដឹកថ្មចាក់លុបទន្លេធ្វើកម្មសិទ្ធិនេះ នឹងធ្វើសសម្មភាពដោយរលូន ឬក្លាយជាកម្មសិទ្ធិបុគ្គលមានទ្រព្យស្ងាត់ៗ បាត់ទៅហើយ?។
ដោយឡែកងាកមក បុគ្គលបំផ្លាញធនធានធម្មជាតិ មានងារជាឧកញ៉ា ដែលគេស្គាល់ថា មានឈ្មោះ ទន់ ឆៃអ៊ាង ​ខាងលើនេះវិញ ​មិនដឹងថា នៅស្រុកខ្មែរ មានឧកញ៉ាធុនៗហ្នឹងប៉ុន្មាននាក់ទៀត ដែល​បន្តធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់ តាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា? ។ ប្រជាពលរដ្ឋ ពោលចំអក និងចាត់ទុក ទង្វើ របស់បុគ្គលឈ្មោះ ទន់ ឆៃអ៊ាង រូបនេះ ​ថា នឹង​នាំឲ្យខូចឈ្មោះ​ឧកញ៉ាៗ ដែលគេធ្វើការងារមនុស្សធម៌ និងធ្វើសកម្មភាពជួយដល់ងារងារអភិវឌ្ឍន៍​សង្គមជាតិពិតប្រាកដ។

ទោះជាបែបនេះក្តី ប្រជាពលរដ្ឋមួយចំនួនធំ បានថ្លែងថា វាគ្មានអ្វីចំឡែកនោះទេ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ព្រោះ​ខ្មែរអាចធ្វើបាន​ស្ទើរតែគ្រប់រឿងទេ។ ដូចករណី ដឹកថ្មីចាក់ចូលទន្លេ របស់បុគ្គល ឈ្មោះ ទន់ ឆៃអ៊ាង កំពុងធ្វើសកម្មភាព នៅឃុំប្ញស្សីស្រុក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ជាឧទារណ៍ស្រាប់?។ ហើយរឿងធំដល់ថ្នាក់នេះហើយ ​ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ត្រូវតែទទួលខុសត្រូវ ដោយមិនត្រូវនិយាយដោះសារថា មិនបានដឹងរឿង ឬនិយាយឲ្យផុតតែពីមាត់ យករួចខ្លួនឲ្យសោះ? រឿងកើតឡើងធំប៉ុណ្ណឹងទៅហើយ កុំមកឆ្លើយថា «ខ្ញុំអត់ដឹងអីផង ដូចជាមិនត្រឹមត្រូវទេ?»។
ចំំពោះករណីនេះ មតិសាធារណជន សំណូមពរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែពិនិត្យទៅលើ​ក្បាលម៉ាស៊ីនដឹកនាំ នៃរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើកំណែទម្រង់ការងារដឹកនាំ របស់មន្ត្រីនៅតាមរាជធានី-ខេត្ត ឲ្យបានប្រសើរឡើងថែមទៀត នៅក្នុងអាណត្តិនេះ។
ទោះយ៉ាងណាក្តី ទាក់ទិនករណីចាក់ថ្មចូលផ្ទៃទន្លេនេះ រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក៏បានចេញសេក្តីប្រកាសព័ត៌មានស្តីពីការទប់ស្កាត់សកម្មភាព ចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងនៅភូមិព្រៃទទឹង ឃុំប្ញស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឲ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ត្រូវតែអនុវត្តរួមមាន៖

១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។

២- ត្រូវកាយនិងយកថ្ម ដែលបានចាក់រួចហើយនោះ ចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃ

៣- ភាគីម្ចាស់ដី ត្រូវរាយការណ៍អំពីវឌ្ឍនភាព នៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ…។

យ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋ បញ្ជាក់ថា  “រឿងបទល្មើសចាក់ថ្មចូលទន្លេនៅខេត្តកំពង់ចាម ខាងលើនេះ គឺពួកគាត់ មិនចង់មានមតិយោបល់វែងឆ្លាយទេ ដោយ​ទុកឲ្យសាធារណជន គិតពិចារណាតាមគំនិតរៀងៗខ្លួនចុះ..?។ ជាពិសេសទុកពេល ឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិនិត្យនិង​សម្រេច តាមការជាក់ស្តែង? ​ព្រោះ ទិដ្ឋភាពបែបនេះ ​ឃើញកើតមានច្រើនកន្លែង នៅ​តាមរាជធានី-ខេត្ត មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែជាក់ស្តែងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននីមួយៗ ក៏ដូចជាជនបំផ្លាញធនធានធម្មជាតិមួយចំនួននោះ មិនត្រូវបានទទួលទោស ឬពិន័យឲ្យធ្ងន់ធ្ងរនោះទេ..!៕
អត្ថបទដែលជាប់ទាក់ទង