គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ប្តីប្រពន្ធ នៅតាមផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងបឋមថា នៅម៉ោង ២១ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ និងម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១១ -២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសស្ត្រី ២នាក់ ប្តី ប្រពន្ធ ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ច បានបន្តថា ភាគីខាងម៉ូតូ ឈ្មោះ ភិន ចន្ធូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរចំនួន ០១នាក់ឈ្មោះ ពេញ បូរី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង ០២ ជាប្តីប្រពន្ធ គ្នា ស្នាក់នៅមូលដ្ឋានកើតហេតុខាងលើ។
ជនរងគ្រោះទាំងពីរ បានជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ (មិនពាក់មួកសុវត្ថិភាព) ពេលកំពុងបើកឆ្លងផ្លូវ កន្លែងផ្លូវឡើងចុះចំណោត ស្របពេលនោះ មានរថយន្ដកុងតឺន័រ ០១គ្រឿងបើកបរ ក្នុងល្បឿនលឿន ម៉ាក NISSAN DIESEL ពណ៌ខៀវ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះជា សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរថយន្ដ មានទីលំនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបុកម៉ូតូ ពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូ ០២នាក់ ប្តីប្រពន្ធ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សាកសព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រណពៃណី។ រីឯវត្ថុតាង (រថយន្ដនិងម៉ូតូ) ត្រូវបានសត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ដោយឡែក អ្នកបើកបររថយន្ដ បាននាំយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្ដនីតិវិធី៕ ដោយ ៖ សំ រ៉ា & កុប ហ្វារីត

អត្ថបទដែលជាប់ទាក់ទង