អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក (world Monument Fund) ដើម្បីជួយធ្វើការជាប្រចាំថ្ងៃ នៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង។ 

កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ (WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់ នៃការជម្រាបទឹក ដែលម្នាក់ៗ មានបទពិសោធន៍ និងជំនាញ យ៉ាងហោចណាស់ ក៏ជាង ១០ឆ្នាំដែរ។

ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោង របស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា នឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណ ចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។

អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក (WMF) គឺជាដៃគូ សហប្រតិបត្តិការយ៉ាងល្អ ក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល ៣៥ឆ្នាំមកហើយ។

អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល ៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន ៥ដូចជា៖ ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង។ រីឯប្រាសាទនាគព័ន្ធ ស្ថិតក្នុងគម្រោងថែទាំ សម្អាតស្មៅនៅជុំវិញស្រះ អស់រយៈពេលជាង ១០ឆ្នាំមកដែរ។

បន្ថែមលើនេះ ក្នុងអំឡុងពេល ៣៥ឆ្នាំ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ក៏បានចូលរួមកិច្ចការអភិរក្ស បេតិកភណ្ឌនៅប្រទេសកម្ពុជា ដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្សនិស្សិត កម្មករ មេជាង ឱ្យក្លាយទៅជាអ្នកជំនាញពិតប្រាកដ ធ្វើការដោយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកជំនាញអន្តរជាតិ។ ជួយចងក្រងឯកសារបេតិកភណ្ឌស្ថាបត្យកម្ម ដ៏សម្បូរបែប របស់កម្ពុជា ហើយក៏បានធ្វើឱ្យមានស្ថិរភាព និងអភិរក្សប្រាសាទសំខាន់ៗជាដើម៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក យី សុថា/ភោគ ជា

អត្ថបទដែលជាប់ទាក់ទង