មន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ និងអាជ្ញាធរក្រុងសួង រៀបចំទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”

ខេត្តត្បូងឃ្មុំ ៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក ចេង ប៊ុនរ៉ា បានលើកឡើងថា ដើម្បីចូលរួមចំណែក លើការងារថែទាំបរិស្ថាន   ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អង្គភាព ស្ថាប័ន ក៏ដូចជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឳ្យបានយល់ដឹង និងចូលរួមគាំទ្រ ឈានទៅកសាងសង្គមកម្ពុជា ឳ្យមានបរិស្ថានស្អាត មានភាពស្រស់បំព្រង សាកសមនឹងកិត្តិនាម កម្ពុជា ព្រះរាជាអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ មន្ទីទេសចរណ៍ សហការជាមួយ រដ្ឋបាលក្រុងសួង បានរៀបចំទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍”  ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងសិស្សានុសិស្ស ប្រម៉ាណ ៣០០នាក់។

ពិធីនេះ រៀបចំឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ចេង ប៊ុនរ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ចេង ប៊ុនរ៉ា មានប្រសាសន៍ថា ការរៀបចំទិវានេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការបំផុស ការយល់ដឹងដល់ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ជុំវិញការរស់ប្រកប ដោយបរិស្ថានល្អស្អាត ព្រោះថា ការរស់នៅ ក្នុងបរិស្ថានមិនល្អ មិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលជាប្រភពចំណូលដ៏សំខាន់១ ផងដែរ។

លោកបន្តថា ដើម្បីមានបរិស្ថានល្អយើងត្រូវចូលរួមទាំងអស់ ពោលគឺយើងត្រូវសំអាត់ពីផ្ទះ របស់យើង រហូតដល់តាមទីសាធារណៈ ដោយយើងទាំងអស់គ្នា ត្រូវគិតថា ប្រទេសយើង គឺជារបស់យើងហើយចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។

លោកបន្ថែមថា បើផ្ទះ ឬប្រទេសជាតិយើង មានបរិស្ថានល្អ នោះក៏ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឳ្យចូលមកលេងកម្សាន្ត ព្រោះភ្ញៀវទេសចរ ក៏ជាប្រភពចំណូលមួយយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋដោយផ្ទាល់ ។

ចំណែក លោក ជា ណារ៉ុន អភិបាលក្រុងសួង ក៏បានឲ្យដឹងផងដែរថា ដើម្បីមានភាពស្រស់បំព្រង និងមានបរិស្ថានល្អ យើងត្រូវគ្រប់គ្រង កាកសំណល់ គ្រប់ប្រភេទ ឳ្យបានត្រឹមត្រូវ ដោយប្រែក្លាយសំណល់មួយចំនួន ឳ្យមានតម្លៃសេដ្ឋកិច្ច កាត់បន្ថយសំណល់តាមទីសាធារណៈ ក្នុងនោះ ក៏ត្រូវបញ្ជ្រាបការយល់ដឹង ឳ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រោះការងារនេះ ទាមទារឳ្យមានការចូលរួមទាំំងអស់គ្នា។

លោកអភិបាលក្រុង ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សាបរិស្ថានឳ្យបានស្អាត លុបបំបាត់ការចោលសំរាម ពាសវាល ពាសកាល គ្រប់គ្រងទុកដាក់សំរាម ឳ្យបានត្រឹមត្រូវ សំដៅធានាបានបរិស្ថានស្អាត សម្រាប់ក្រុងសួងទាំំងមូល។

ការប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី១២ ឆ្នាំនេះ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”  ហើយពិធីនេះ ក៏មានការដង្ហែក្បួន តាមដងផ្លូវមួយចំនួន ក្នុងក្រុងសួង ជាមួយ ការបន្លឺសំឡេងអំពាវ បំផុសការយល់ដឹងដល់ ប្រជាពលរដ្ឋ ឳ្យចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងមានការប្រមូលសំរាម ដែលនៅរាយប៉ាយ នៅតាមដងផ្លូវនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង