មន្ត្រីជញ្ជីងចល័ត ឃាត់រថយន្តដឹកលើសទម្ងន់២គ្រឿង ផាកពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ

ខេត្តត្បូងឃ្មុំ ៖ ក្រុមការងារជញ្ជីងចល័ត ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិបត្តិការចាប់រថយន្ត ដឹកលើសទម្ងន់នៅចំណុចភូមិ សាឡាង១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់បានរថយន្តចំនួន ០២គ្រឿង ដឹកលើសទម្ងន់ រហូតដល់ជិត ៨០តោន។

រថយន្តទាំង ០២ខាងលើនេះ ជាប្រភេទរថយន្តធន់ធំ ពាក់ស្លាកលេខ កំពង់ចាម 3A- 1770 ដឹករហូតដល់ ៧៧តោន និងមួយគ្រឿងទៀត ពាក់ស្លាក់លេខ ត្បូងឃ្មុំ 3A -4329 ដឹករហូតដល់ ៧៤តោន។

ក្រោយរកឃើញថា រថយន្តទាំង ០២ ដឹកលើសទម្ងន់ ធ្វើប៉ះពាល់ និងខូចខាតដល់ផ្លូវជាតិ  កម្លាំងជំនាញ បានសម្រេចផាកពិន័យ និងឃាត់រថយន្តទាំង ០២ទុក មិនឳ្យធ្វើចរាចរណ៍លើដងផ្លូវរយៈពេល ០១ឆ្នាំ។

លោក សេង ឈួន បានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឳ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ និងថែរក្សាផ្លូវ ដែលរាជរដ្ឋាភិបាល បានចំណាយថវិការច្រើន សម្រាប់បម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ហើយ ក្នុងករណី ម្ចាស់រថយន្តទាំងអស់នៅតែបំពានច្បាប់ នោះអាជ្ញាធរមានសមត្ថកិច្ច នឹងមិនលើកលែងទៀតឡើយ គឺដាច់ខាតត្រូវតែអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង