អាជ្ញាធរជាតិអប្សរា ដាក់ស្លាកសញ្ញាបង្ហាញទីតាំង ដែលត្រូវប្រុងប្រយ័ត្នមុន ដើរឆ្លងកាត់នៅប្រាសាទបាយ័ន

ខេត្តព្រះសីហនុ ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗ ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នមុនដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនា ប្រាសាទបាយ័ន។

លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ ដូចជា៖ ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀស នូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ទើបក្រុមការងាររៀបចំ ដាក់ស្លាកសញ្ញានៅតាមចំណុច ហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។

លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរ បានឃើញ និងយកចិត្តទុកដាក់ទីតាំង ដែលពួកគាត់ឆ្លងកាត់។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរព តាមការណែនាំតាមស្លាកសញ្ញាផ្សេងៗ ដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ  ក្នុងពេលទស្សនាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ៕

អត្ថបទ: លោក យី សុថា

រូបភាព: ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍

អត្ថបទដែលជាប់ទាក់ទង