កិច្ចប្រជុំពិភាក្សាពិសេស របស់វិស័យឯកជន ពាក់ព័ន្ធអគារជាប់គាំង នៅក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ លោក ហ៊ាន សាហ៊ីប បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត របស់វិស័យឯកជន ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃ របស់ សម្តេចបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ-លេខាធិការរង អគ្គនាយក និង មន្ត្រីជំនាញដែលជាសមាជិកក្រុមការងារ តំណាងឲ្យ ក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ក្រុមការងារ បានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង នៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះវិស័យឯកជន បានស្នើការសម្របសម្រួល ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹកចិត្តពិសេស និងការសម្រួលនីតិវិធី។ គម្រោងទាំង ៥ នេះ រួមមាន៖

១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង
៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

ជារួមក្រុមការងារ បានឯកភាពជាគោលការណ៍ផ្តល់ នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រុមការងារ នឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ច ដោយរលូន។

សូមជម្រាបជូនថា កាលពីខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារបានពិនិត្យ និងសម្រេច លើការផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។

សម្រាប់ខែមីនា និងជាបន្តបន្ទាប់ទៀត ក្រុមការងារ ក៏កំពុងទទួល និងពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញ ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

កិច្ចការទាំងនេះ ទទួលបានការគាំទ្រ និងការចូលរួមសហការល្អពីក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុផងដែរ។

ទន្ទឹមនិងនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ ឬតេឡេក្រាម៖ ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕ ដោយ: ហ្វារីត

អត្ថបទដែលជាប់ទាក់ទង