គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល​កិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO កំពុងជួបប្រជុំបច្ចេកទេស​ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេស លើកទី៣៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ​ដឹកនាំដោយ លោក IChitomo Taninai ជាអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន និងលោក Piere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការ ក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះ​ ក្រុមអ្នកជំនាញ​អន្តរជាតិ ក៏នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងតែបំពេញនោះ។

សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារជាច្រើនស្ដីពី ការពិនិត្យមើលការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានា គឺមានសារសំខាន់សម្រាប់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor-Sambor Prei Kuk) និងសម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទសវត្សតទៅមុខទៀត។

លោក IChitomo Taninai បន្តទៀតថា ក្រៅតែពីជួយដល់ការងារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទសំបូរព្រៃគុកផងដែរ។ កាលពីឆ្នាំមុនជប៉ុន បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថា នៅក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរ ព្រៃគុក នឹងមានធនធានមនុស្ស និងបុរាណវិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេចធ្លោជាសកលនាពេលខាងមុខ។

ក្នុងរយៈពេញមួយថ្ងៃទី១៤ ខែមីនានេះ អង្គប្រជុំ បានពិភាក្សា និងពិនិត្យទៅលើការងារ នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ជាច្រើន ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា ព្រមទាំងត្រួតពិនិត្យទៅលើរបាយការណ៍ ស្ដីពីការងារទាំងនោះផង៕

អត្ថបទដែលជាប់ទាក់ទង