បុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ចេញគោលការណ៍៣ សម្រាប់អតិថិជន ដែលបង់រំលស់យឺតយ៉ាវ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនបុរីពិភពថ្មី បានបញ្ជាក់ថា ដើម្បីសម្រួលដល់អតិថិជន ដែលបានបង់រំលស់ផ្ទះ នៅក្នុងគម្រោង របស់ខ្លួន ដែលបានភាពយឺតយ៉ាវ ពេលនេះ ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចេញគោលការណ៍ចំនួន៣ ដាក់ឲ្យអនុវត្ដ បន្ទាប់ពីបានជួបប្រជុំជាមួយនឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ល្អិតល្អន់រួចមក។

យោងតាមលិខិតជូនដំណឹង របស់ក្រុមហ៊ុនបុរីពិភពថ្មី ចុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្រោយពេលជួបពិភាក្សាយ៉ាងល្អិតល្អន់ ជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រួលដល់អតិថិជន ដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ក្រុមហ៊ុន បានសម្រេចចេញ នូវគោលការណ៍ថ្មីដូចខាងក្រោម៖

១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល៣ឆ្នាំ។

២. ការប្រាក់ដែលអតិថិជន បានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ ឆ្នាំ ឬអតិថិជន អាចរៀបចំឥណទានសារឡើងវិញ។

៣. អតិថិជនអាចប្ដូររយៈពេលបង់រំលស់រហូតដល់ ៣០ ឆ្នាំ។

គួរជម្រាបថា កន្លងមកនេះ ក្រុមហ៊ុន បុរី ពិភពថ្មី បានធ្វើការសម្រួល និងប្រមូលទិញយកផ្ទះពីអតិថិជនត្រឡប់មកវិញគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះមានចំនួន ១ ៧៧០ ផ្ទះ ដែលមានទំហំទឹកប្រាក់ចំនួន ១៩ ៦១៩ ៨១៨ ដុល្លារ ខណៈអតិថិជន បានរៀបចំឥណទានឡើងវិញមានចំនួន ១០៧ ផ្ទះ។

នេះបើតាមការបញ្ជាក់ពី អ្នកឧកញ៉ា ហុង ពីវ ៕ ប្រភព ៖ Business Cambodia

អត្ថបទដែលជាប់ទាក់ទង