មន្ត្រីជំនាញខេត្តព្រះសីហនុ ចុះស្រង់ស្ថិតិ​ពលរដ្ឋ រស់នៅលើដីជាក់ស្តែង នៅតំបន់អូរដំរី ដើម្បី​ដោះស្រាយជម្លោះ

ខេត្តព្រះសីហនុ ៖ នៅរសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ​មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បាន​ចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋ កំពុង​រស់នៅ​លើដីជាក់ស្តែង  ឬជាម្ចាស់ដី
រស់នៅ​តំបន់អូរដំរី ស្ថិតក្នុង​ភូមិ​៣ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ។

​សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុស្ដី អំពីការចុះយោងតាមសេចក្តីសម្រេចលេខ ០៨៩/២៣សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ តាមស្មារតីអង្គប្រជុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការ ចាត់ឲ្យ លោក ចេន រ៉េត នាយករងរដ្ឋបាលខេត្តព្រះសីហនុ ជាប្រធាន  និងលោក សេង សុខណាក់ អនុប្រធានម្ទីររៀបចំដែនដី ​ខេត្កព្រះសីហនុ ជាអនុប្រធាន ​​ដឹកនាំក្រុមការងារជំនាញ​ចម្រុះ ដើម្បីចុះស្រង់ស្ថិតិ ពលរដ្ឋរស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិ តាមការចង្អុល បង្ហាញព្រំដី ដោយភាគីពាក់ព័ន្ធ ដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅ តំបន់អូរដីរី​។

ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំង ត្រូវរក្សាភាពដើម នៃរូបភាព​កាន់កាប់ដី និងត្រូវចូលរួមផ្តល់ កិច្ចសហការជា មួយក្រុមការងារ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីងាយស្រួលក្រុមការងា​រធ្វើការបានរហ័ស ។

​រដ្ឋបាលខេត្តព្រះសីហនុ ក៏បាន​សូមអំពាវនាវដល់​ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មិនត្រូវសាងសង់សំណង់ ឫឈូស​ឆាយ ​ធ្វើការអភិវឌ្ឍន៍ដី នៅតំបន់អូរដំរី ភូមិ៣ សង្កាត់ លេខ១ ជាដាច់ខាត ក្នុងអំឡុងពេលក្រុមការងាររដ្ឋបាលខេត្ត ចុះទៅអនុវត្តការងារ រហូតដល់ដីទំ​នាស់ នៅតំបន់អូរដីរី ត្រូវបានដោះស្រាយបញ្ចប់​៕ ដោយ ៖ ប្រុស

អត្ថបទដែលជាប់ទាក់ទង